ដោយ លោក ស៊ុន ណារិន | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ 39 នាទីមុន | នយោបាយ | 0 | 1798
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងការគំរាមណាមួយលើការផ្តាច់ជំនួយនោះទេ ដោយលោកបានថ្លែងថា”កុំមកគំរាមលេងៗ” លើករណីនេះ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាលោកមិនខ្វល់នឹងការផ្តាច់ជំនួយនោះទេ ដោយលោកនិយាយបែបចំអកថាកាត់តែម្តងទៅ មិនបាច់គំរាមនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែនថាប្រសិនបើមានការផ្តាច់ជំនួយមែននោះ អង្គការក្រៅរដ្ឋាភិបាលនោះទេ ដែលជាអ្នកប្រឈមនឹងបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ “នែកុំមកគំរាមលេងៗណា ណាសង្សារលេងៗ ស្រឡាញ់មែនទែនណា…។ កុំលេងណារបៀបសង្សារលេង តែអត់ស្រឡាញ់មែនទែនណា។ អាងអីអាងផ្តាច់ជំនួយ”។ លោកបញ្ជាក់ថា៖ “កុំមកពន្យល់និងគំរាមខ្ញុំណា…អ្នកដែលងាប់មុនគេគឺអង្គការក្រៅរដ្ឋាភិបាល”។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។ សភាអឺរ៉ុបក៏អំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។
សភាអឺរ៉ុបបានបញ្ជាក់ថា៖ “អ្នកនយោបាយទាំងអស់ សកម្មជននិងសកម្មជនសិទ្ធិមនុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើការដោយសេរី ដោយគ្មានការចាប់ចងនិងការកាត់ទោស”។ សភាអឺរ៉ុបបានបន្ថែមថា៖ “ដោយសារសហភាពអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា ជាមួយការផ្តល់ជំនួយ៤១០លានអឺរ៉ូ(ជាង៤៦៣លានដុល្លារអាមេរិក)ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០, សភាអឺរ៉ុបអំពាវនាវឲ្យក្រុមការងារទទួលបន្ទុកផ្តល់សេវាសកម្មភាពខាងក្រៅសហភាពអឺរ៉ុប(EEAS) ផ្តល់ជំនួយជាថវិការបស់សហភាពអឺរ៉ុប អាស្រ័យលើភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស”។ ពួកគេបន្តថាភាគីពាក់ព័ន្ធនិងគណៈកម្មការសហភាពអឺរ៉ុបគួរតែចាប់ផ្តើមនូវស្តង់ដារគុណភាពមួយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងម៉េចឲ្យស្របតាមច្បាប់អន្តរជាតិនៃគោលការណ៍សេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។
ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
ចំណែកមេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀតត្រូវបានតុលាការចោទប្រកាន់ រួមមានលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារមិនបានចូលទៅតុលាការតាមការកោះហៅ៕ ដោយ ស៊ុន ណារិន និងលី បេឡា